ដោយសារតែបែបនេះសោះ ទើបកំពូល​តារា​សម្ដែង ​ទិន ហ្វី​ មិនព្រមថតកុនជាមួយហូលីវូដ​


ជា​កំពូល​តារា​របស់​ហុងកុង និង​ជា​តារា​ជួរ​មុខ​អាស៊ី តែ​សិល្បករ Stephen Chow មិន​ធ្លាប់​បាន​ឈាន​ជើង​ចូល​ទីផ្សារ​ហូលីវូដ​ទាល់​តែ​សោះ តើ​ហេតុផល​មក​ពី​អ្វី? នៅ​ក្នុង​វិស័យ​ភាពយន្ត​ចិន ការ​ដែល​តារា​នៅក្នុងប្រទេសនេះ​បាន​សហការ​ជាមួយ​អ្នក​ដឹក​នាំ​រឿង​ហូលីវូដ​គឺ​ជា​វិធី​ ដែលពួកគេចង់​បង្ហាញ​ពី​លំដាប់​របស់​ពួក​គេ​តើ​ដល់​កំរិត​អន្តរជាតិ​ឬ​នៅ បើ​ទោះ​បី​ជា​តួ​ខ្លះ​បាន​ចូល​រឿង​អាមេរិក​តែ​២ ៣​នាទី​ក៏​ដោយ។

ក្នុង​ចំណោម​តារា​ជួរ​មុខ​ចិន​ទាំង​ឡាយ Stephen Chow គឺ​ជា​តារា​តិចតួច​ដែល​មិន​ធ្លាប់​បាន​ចាប់​ដៃ​ជាមួយ​ហូលីវូដ​ទាល់​តែ​សោះ។ អ្នក​ខ្លះ​លាន់​មាត់​ថា ស្ដេច​កំប្លែង​ត្រកូល Chow មិន​ត្រូវ​បាន​អាមេរិក​ចាប់​អារម្មណ៍ តែ​បណ្ដាញ​ព័ត៌មាន Sina បាន​ប្រឆាំង​នឹង​មតិ​នេះ​ទាំង​ស្រុង។

តាមការពិត នៅ​ក្នុង​អាជីព​របស់​ខ្លួន ស្ដេច​កំប្លែង​ហុងកុង​ត្រូវ​បាន​ហូលីវូដ​ទាក់ទង​៣​ដង​តែ​បាន​បដិសេធ​ទាំង​អស់។ ប្រភព​ខាង​លើ​បាន​បន្ត​ថា ក្រោយ​រឿង “ស្ដេច​ចុង​ភៅ​ទិនហ្វី” តួ​អាយុ​៥៥​ឆ្នាំ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បូក​រួម​ទាំង​ហូលីវូដ​ផង​ដែរ។ ឆ្នាំ​១៩៩៦ ផលិតករ​អាមេរិក​បាន​ស្វែង​រក​លោក ហើយ​មាន​បំណង​ផលិត​រឿង​ដូច​គ្នា​តែ​តាម​បែប​អឺរ៉ុប។

“ទិន ហ្វី​មិន​បដិសេធ​ដោយ​ផ្ទាល់ តែ​លោក​ដាក់​សំណើរ​២។ ទី​១​គឺ​ម្ហូប​នៅ​ក្នុង​រឿង​គឺ​ត្រូវ​តែ​ជា​ម្ហូប​ចិន និង​ទី​២​គឺ​ក្បាច់​គុន​ក្នុង​រឿង​គឺ​ត្រូវ​តែ​ជា​ក្បាច់​គុន​ចិន។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ហូលីវូដ​គ្រវីក្បាល លែង​ចង់​សហការ” Sina ឲ្យ​ដឹង។

ឆ្នាំ​២០០៦ ឱកាស​បាន​មក​ម្ដង​ទៀត​ជាមួយ​និស្សិត​ផ្ដាច់​សង្ខារ នៅ​ពេល​លោក​ត្រូវ​បាន​គេ​អញ្ជើញ​ថត​រឿង “The Fobbiden Kingdom”។ ក្រោយ​ពេល​អាន​សាច់​រឿង​ចប់ តារា​កើត​ឆ្នាំ​១៩៦២ បាន​ស្នើរ​ឲ្យ​ផលិតករ​បោះទុន​ផលិត​រឿង​១០០​លាន​ដុល្លារ។ ការ​សហការ​គ្នា​នេះ​បាន​បរាជ័យ​នៅ​ពេល​អាមេរិក​ប្រកាស​ថា​នឹង​បោះ​ទុន​៣០​លាន​ដុល្លារ។

លើក​ចុង​ក្រោយ​ដែល​ហូលីវូដ​ទាក់​ទង​ទៅ ទិន ហ្វី​គឺ​ក្នុង​ឆ្នាំ​២០០៩ នៅ​ពេល​គេ​ចង់​ឲ្យ​លោក​ដើរ​តួ​វីរបុរស​ជប៉ុន​មួយ​រូប តែ​លោក​បាន​ឲ្យ​ផ្លាស់​ប្ដូរ​ទៅ​ជា​វីរបុរស​ចិន​វិញ ហើយ​នេះ​គឺ​រឿង​មួយ​ដែល​ខាង​អាមរិក​មិន​អាច​ទទួល​យក​បាន។

បណ្ដាញ​ព័ត៌មាន Toutiao បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ដូច​នេះ​គឺ​ជា​ភាព​ឆ្លាត​វៃ​របស់​ទិន ហ្វី​ព្រោះ​ស្ទីល​ថត​រឿង​របស់​លោក​ខុស​ប្លែក​ពី​គេ មិន​ចង់​ត្រូវ​គេ​ត្រួត​ពី​លើ ដូច​នេះ​លោក​មិន​ចង់​សហការ​ជាមួយ​មនុស្ស​ដែល​លោក​ដឹង​ច្បាស់​ថា​នឹង​ត្រូវ​គេ​ត្រួត​នោះ​ឡើយ៕