រឿងគួរឲ្យបារម្ភបំផុត ៤យ៉ាង ពេលដែលជនជាតិចិនកំពុងសម្រុកទៅរស់នៅខេត្តព្រះសីហនុ


កំណើន​ជនជាតិ​ចិន​រស់​នៅ​ខេត្ត​ព្រះសីហនុ កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​មួយ​ក្នុង​ប្រទេស​កម្ពុជា។ ជា​ពិសេស​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផ្ទាល់ បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង បន្ទាប់​ពី​ជន​បរទេស​ទាំង​នោះ​ធ្វើ​សកម្មភាព​អវិជ្ជមាន​មួយ​ចំនួន។ ក្នុង​នោះ​ឯកឧត្ដម យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ក៏​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​វត្ត​មាន​ជនជាតិ​ចិន​ ព្រម​ទាំង​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ សម្ដេច​ក្រឡា​ហោម ស ខេង ពី​ចំណុច​ដ៏​គួរ​ឲ្យ​បារម្ភ​ដូច​ខាង​ក្រោម​នេះ៖

១. បង្ក​ឱកាស​ដល់​ជនជាតិ​ចិន ​ជា​ពួក​ម៉ាហ្វី​យ៉ា​មួយ​ចំនួន ​បន្លំ​ខ្លួន​ចូល​មក​ប្រព្រឹត្ត​បទ​ល្មើស ​បង្ក​អសន្តិសុខ និង​ចាប់​ជំរិត​អ្នក​វិនិយោគ។

២. ជន​បរទេស​មួយ​ចំនួន ​គេច​វេះ​មិន​ព្រម​បំពេញ​បែប​បទ​តាម​នីតិវិធី ខ្លះ​បើកបរ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ​ខ្លះ​ផឹក​ស៊ី ​ឡូឡា និង​វាយតប់​គ្នា​តាម​ទី​សាធារណៈ។

៣. ស្លាក​យីហោ​ហាង ​សណ្ឋាគារ កាស៊ីណូ និង​ការដ្ឋាន​ខ្លះ ​សរសេរ​អក្សរ​បរទេស​សុទ្ធ ឬ​សរសេរ​អក្សរ​ខ្មែរ​តូច​ជាង​អក្សរ​បរទេស ​ជា​ដើម។

​បន្ថែម​លើ​បញ្ហា​ទាំង​៣​នេះ ចំពោះ​គ្រឿង​សមុទ្រ​ដូចជា ក្ដាមសេះ បង្កង​ប៉ាក (បង្កង​ប៉ា​កាំង)​ និង​គ្រឿង​សមុទ្រ​មួយ​ចំនួន​ទៀត​ឡើង​ថ្លៃ​ស្ទើរ​ទ្វេដង ក៏​ជា​ការ​ព្រួយ​បារម្ភ​មួយ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ដែរ។ ការ​ឡើង​ថ្លៃ​ដោយសារ​ជនជាតិ​ចិន​សម្រុក​ទៅ​ទិញ​ដល់​ផែ​ទំនប់​រលក​ ដោយ​ពួកគេ​ឲ្យ​តម្លៃ​ថ្លៃ​ជាង​ធម្មតា។

បញ្ហា​ជនជាតិ​ចិន ​ដែល​អភិបាល​ខេត្ត​ព្រះសីហនុ​លើក​ឡើង​នេះ នឹង​ត្រូវ​លើក​យក​ទៅ​ប្រជុំ​ពិភាក្សា នា​ព្រឹក​ថ្ងៃ​ទី​០៩ ​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ​ដឹក​នាំ​ដោយ​សម្ដេច​ក្រឡាហោម ​ស ខេង៕ ​