​សាហាវ​មែន ចិន​នៅ​កំពង់សោមព្រួត​គ្នា​វាយ ជន​បរទេស​បែក​មុខ​បែក​មាត់ ល្បី​ដល់​សារ​ព័ត៌មាន​បរទេស​ចុះ​ផ្សាយ​


បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​មាន​សាក់​អក្សរ​តៃវ៉ាន់​នៅ​លើ​ថ្ងាស បាន​និយាយ​ថា ខ្លួន​ត្រូវ​ជនជាតិ​ចិន​ដែល​ខឹង​សម្បារ​មួយ​ក្រុម វាយ​ធ្វើ​បាប​យ៉ាង​ព្រៃផ្សៃ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា។ យោង​តាម​សារព័ត៌មាន​តៃវ៉ាន់ Taiwan Observer បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​សៅរ៍ នៅ​បារ​មួយ​កន្លែង ក្នុង​ក្រុង​ព្រះសីហនុ ប្រទេស​កម្ពុជា។

ខាង​ក្រោម​នេះ​គឺ​ជា​សារ​ពន្យល់​នៅ​លើ​បណ្ដាញ​សង្គម Facebook របស់​ជនរងគ្រោះ​ឈ្មោះ​ថា Paul Farrell៖ «ខណៈ​ពេល​កំពុង​សម្រាក​វិស្សមកាល​នៅ​ប្រទេស​កម្ពុជា ជនជាតិ​ចិន​មួយ​ក្រុម​បាន​ខឹង​យ៉ាង​ខ្លាំង ដោយសារ​ការ​ចាក់​សាក់​អក្សរ​តៃវ៉ាន់​របស់​ខ្ញុំ ហើយ​ក្នុង​ចំណោម ១០នាក់​នោះ បាន​វាយ​ប្រហារ​ខ្ញុំ​ជាមួយ​បង្គោល​ដែក ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ធ្មេញ​មួយ​ចេញ​មក​ក្រៅ និង​ធ្មេញ ២ទៀត​លាន​ចេញ​មក​មុខ។ ឥឡូវ​នេះ​ខ្ញុំ​មិន​អាច​បិទ​មាត់​ជិត​បាន​ទេ»។

Paul បាន​បន្ត​ថា «អ្វី​ដែល​ធ្វើ​ឲ្យ​កើត​រឿង​នេះ​ឡើង គឺ​នៅ​ពេល​ខ្ញុំ​ដោះ​មួក​ចេញ ហើយ​ចិន​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​អាន​សាក់​របស់​ខ្ញុំ និង​ស្រែក​ថា “Taiwan zhong guo”។ ខ្ញុំ​បាន​ឆ្លើយ​តប​ធម្មតា​ថា “Taiwan Taiwan” ហើយ​ពួកគេ​ក៏​បាន​យក​បង្គោល​ដែក​មក​វាយ​ខ្ញុំ​តែម្ដង»។

បើ​តាម​សារព័ត៌មាន Taiwan News បាន​រាយការណ៍​ថា ជនជាតិ​ចិន​ទាំង​នោះ​ទាមទារ​ឲ្យ Paul ទទួល​ស្គាល់​ថា តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន។ នៅ​ចុង​បញ្ចប់ ដោយ​សារ​តែ​ខ្លាច​គ្រោះថ្នាក់​ដល់​ជីវិត Paul ក៏​បាន​និយាយ​ថា «មែនហើយ អ្នក​គិត​ថា​តៃវ៉ាន់​គឺ​ជា​ប្រទេស​ចិន ខ្ញុំ​នឹង​និយាយ​ថា តៃវ៉ាន់​គឺ​ជា​ប្រទេស​ចិន។ ខ្ញុំ​គ្រាន់​តែ​ចង់​ចាកចេញ​ប៉ុណ្ណោះ»។

ភ្ជាប់​ជាមួយ​សារ​ខាង​លើ Paul បាន​បង្ហោះ​រូបថត​ប៉ុន្មាន​សន្លឹក បង្ហាញ​ឲ្យ​ឃើញ​រូប​លោក​ប្រឡាក់​ដោយ​ឈាម និង​ស្នាម​របួស ខណៈ​អាវ​ត្រូវ​រហែក​ខ្ទេច។ គួរ​បញ្ជាក់​ថា Paul បាន​រស់​នៅ​ឯ​តៃវ៉ាន់​អស់​រយៈពេល ១៤ឆ្នាំ​មក​ហើយ។ លោក​បាន​រៀបការ​ជាមួយ​ស្ត្រី​តៃវ៉ាន់ កាល​ពី​៧ឆ្នាំ​មុន និង​ជា​ម្ចាស់​បារ​មួយ​កន្លែង​នៅ​ទីក្រុង Kaohsiung ទៀត​ផង៕