រឿង​អតីត​ព្រះ​សង្ឃឆាន់ពោតនៅ​មិន​ទាន់​ចប់​ឡើយ​ទេ ភាគី​ខាង​ស្រីប្តឹង​ចោទ​ពីបទ​ចាប់​រំលោភ​និង​ទារ​ប្រាក់​50000​ដុល្លារ​


ខេត្ត​បន្ទាយ​មាន​ជ័យ៖ រឿង​អា​ស្រូវ នៃ​ទំនាក់​ទនងស្នេហា​រវាង អតីត​ព្រះ​ចៅអធិការ​វត្ត​ភ្នំបាក់លើ ខេត្ត​បន្ទាយ​មាន​ជ័យ និង​កញ្ញា​ស្រស់​ស្អាត សាច់​ស​ខ្ចី កាយ លីតា ដែល​ធ្វើ​ឱ្យ​កក្រើក​ពេញ​បណ្តាញ​សង្កម Facebook នោះ នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​នៅ​ឡើយ​ទេ បើ​ទោះ​បីអន្ទិត ស្រិល វណ្ណា ត្រូវ​បាន​ចាប់​ផ្សឹក​កាលពី​ម្សិលមិញ ក៏​ដោយ​នោះ។

ដំណើរ​រឿង​បាន​បន្ត​ភាគ ដោយ​សារតែ​ភាគី​ខាង​ស្រី បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ ដោយ​ចោទ​ពីបទ​ចាប់​រំលោភ ហើយ​ធ្វើ​ការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​រហូត​ដល់​៥​ម៉ឺន​ដុល្លារ។

របាយការណ៍​របស់​ស្នងការដ្ឋាន នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​អង្គភាព​ព័ត៌មាន ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ទទួល​បណ្តឹងពី​ឈ្មោះ កាយ លីតា ភេទស្រី អាយុ​១៩ឆ្នាំ រស់​នៅ​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​បាន​ប្តឹង​រាយការណ៍​ថា នៅ​ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​០២យប់​ឈ្មោះ ស្រិល វណ្ណា ភេទ​ប្រុស អាយុ​៣៩ឆ្នាំ ជាចៅអធិការ​វត្ត​ភ្នំបាក់លើ ក្នុង​សង្កាត់​​ទឹក​ថ្លា ក្រុង​សិរីសោភ័ណ បាន​មកសុំសឹង (សុំដេក) នៅ​ផ្ទះ​របស់​ខ្លួន​ចំនួន​០២យប់។

លុះ​ដល់​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​២១៖០០​នាទី​យប់ ខ្លួន​បាន​យក​ភេសជ្ជៈ​ទៅ​ប្រគេន​លោក (លោក​សង្ឃ ស្រិល វណ្ណា) ហើយ​ត្រូវ​បាន​ព្រះ​សង្ឃអង្គ​នេះ បាន​ចាប់​បង្ខំ​រួម​ភេទជា​មួយ​ខ្លួន រហូត​បាន​សម្រេច​ដោយ​សន្យាថាខែ​វិច្ឆិកា ឆ្នាំ​២០១៨ និង​លាចាកសិក្ខាបទ​ចូល​ស្តីដណ្តឹងយក​ធ្វើ​ជា​ប្រពន្ធ លុះ​ពេល​បាន​ខ្លួន​ប្រាណ​ហើយ​ឈ្មោះ ស្រិល វណ្ណា បាន​បិទ​ទូរស័ព្ទ​មិន​ព្រម​ចូល​មក​ដោះ​ស្រាយ​ជា​មួយ​ខ្លួន ទើប​ខ្លួន​បង្ហោះឃ្លឹប​វីដេអូ​ដែល​លោក​សង្ឃ ស្រិល វណ្ណា បាន​ប្រឡែងជា​មួយ​ខ្លួន និង​ឆាន់ពោតស្ងោ​នោះ​ឲ្យ​សាធារណជន និង​លោក​សង្ឃ ស្រិល វណ្ណា បាន​ឃើញ ព្រម​ទាំង​សុំ​ឲ្យ​សមត្ថកិច​ជួយ​រក​យុត្តិធម៌​ជូន​ខ្លួន និង​ទាមទាសំណង​ជំងឺ​ចិត្ត​ចំនួន​៥០០០០​ដុល្លារ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​បន្ត​ថា «ករណី​នេះ​ជំនាញ​យើង កំពុង​ស្នើសុំ​ទៅ​អយ្យការ​ដើម្បី​បើក​ការសើបអង្គេតបឋម»។ សូម​បញ្ជាក់​ថា កាលពី​ម្សិលមិញ ក្រោយ​បញ្ចប់​ការ​ឆ្លង​ឆ្លើយ​គ្នា ក្នុង​សន្និសីទ​សារ​ព័ត៌មាន ថ្នាក់​ដឹក​នាំ​សង្ឃ និង​មន្ដ្រីធម្មការ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​សម្រេច​ចាប់​ផ្សឹក​ព្រះ​ចៅអធិការ​វត្ត​ភ្នំបាក់លើ ខេត្ត​បន្ទាយ​មាន​ជ័យ​ហើយ។ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ដ​ដែល​នេះ មាន​ការនិមន្ដ​ចូល​រួម​ពីថ្នាក់​ដឹក​នាំ​សង្ឃ មន្ដ្រីធម្មការ មន្ដ្រី​សាលា​ខេត្ត ព្រះ​ចៅអធិការ​វត្ត​ភ្នំបាក់លើ ស្រិល វណ្ណា ដែល​ជា​អ្នក​ពាក់​ព័ន្ធ​​នឹង​នារី​ឈ្មោះ កែ លីតា ដែល​ស្ថិត​នៅ​ក្នុង​រូបភាព និង​វីដេអូ​ជា​មួយ​ព្រះ​សង្ឃ ព្រម​ទាំង​ពុទ្ធ​បរិស័ទ្ធ និង​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​នាក់។ ក្រោយ​ការឆ្លើយ​ឆ្លង​គ្នា​ពី​សំណាក់​អ្នក​ពាក់​ព័ន្ធ​​នៅ​ទី​បំផុត​ទៅ ថ្នាក់​ដឹក​នាំ​សង្ឃ ក៏​បាន​​សម្រេច​ចាប់​ផ្សឹក​ព្រះ​ចៅអធិការ​ដែល​ពាក់​ព័ន្ធ​ជា​មួយ​ស្រីញី នៅ​ថ្ងៃ​នេះ​តែម្ដង ហើយ​នីតិ​វិធី​បន្ដ​ទៀត ឬ​ការប្ដឹងផ្ដល់​គ្នា​រវាង​ភាគី​ទាំង​២ នឹង​ធ្វើ​ឡើង​នៅ​ពេល​ក្រោយ។

កាលពី​នៅ​ថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​បណ្តាញ​សង្គម Facebook មាន​ការ​ចែក​ចាយ​យ៉ាង​ព្រោងព្រាត​ករណី ព្រះ​សង្ឃ​មួយ​អង្គ បាន​បញ្ចេញ​រូបភាព​ដេកជា​មួយ​នារី​ម្នាក់ និង​អង្គុយ​ធ្វើ​ជាមេខ្លាឃ្លោក​ទៀត​ផង។ ករណី​នេះ​បាន​ធ្វើ​ឱ្យ​ផ្ទុះការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​​ខ្មែរ ដែល​កាន់​សាសនា​ព្រះ​ពុទ្ធ ជា​ពិសេស​នោះ អ្នក​ដែល​ធ្លាប់​បាន​យក​ចង្ហាន់​ទៅ​ប្រគេន ព្រះ​សង្ឃតែ​ម្តង ដល់​ក្នុង​វត្ត​ក៏​ដូចូជា ធ្លាប់​បាន​ឱ្យ​ព្រះ​សង្ឃស្រោច​ទឹក​លើក​ជាតារាសី​ទៀត​ផង៕